ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់ម្ចាស់ទីតាំងដី ពន្យារពេល និងអនុញ្ញាតឱ្យអាជីវករ អាចបន្តប្រកបអាជីវកម្ម និងលក់ដូរនៅលើទីតាំងដីស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ដើម្បីទុកពេលវេលាឱ្យភាគីពាក់ព័ន្ធអាចសម្របសម្រួល និងដោះស្រាយបញ្ហាបានសមស្រប។
ការស្នើសុំនេះធ្វើឡើង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំស្នើសុំអន្តរាគមន៍ដោះស្រាយករណី លោក នួន អក និងអាជីវករ ដែលមានការមិនទាន់ឯកភាពគ្នាពាក់ព័ន្ធនឹងការប្រគល់ទីតាំងដី និងការបង់ប្រាក់ថ្លៃឈ្នួលដី លើទីតាំងទំហំ ១០,៨០៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងប្រកបមុខរបរនៅទីតាំងខាងលើ សូមកុំមានការព្រួយបារម្ភ ឬភ័យខ្លាច ពាក់ព័ន្ធនឹងការបន្តប្រកបអាជីវកម្មរបស់ខ្លួន រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ នឹងបន្តខិតខំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យអាជីវករអាចបន្តលក់ដូរ និងប្រកបមុខរបររបស់ខ្លួនបានរហូតដល់ខែកញ្ញា ឆ្នាំ២០២៧។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជីវករទាំងអស់ ប្រមូល និងផ្តល់ឯកសារពាក់ព័ន្ធ ដូចជា វិក្កយបត្រ បង្កាន់ដៃបង់ប្រាក់ កិច្ចសន្យា ឬឯកសារផ្សេងៗដែលធ្លាប់បានធ្វើជាមួយលោក នួន អក ទៅអាជ្ញាធរក្រុងតាខ្មៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីកំណត់អត្តសញ្ញាណអាជីវករដែលពិតប្រាកដ ពិនិត្យស្ថានភាពនៃការបង់ប្រាក់ និងកិច្ចសន្យាដែលមានស្រាប់ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំឯកសារ ឬការឆ្លៀតឱកាសពីជនខិលខូចមួយចំនួន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការអនុញ្ញាតឱ្យបន្តលក់ដូរនេះ មានកាលកំណត់រហូតដល់ ខែកញ្ញា ឆ្នាំ២០២៧ ប៉ុន្តែក្រោយផុតកំណត់ ប្រសិនបើអាជីវករមានបំណងបន្តប្រកបអាជីវកម្មនៅទីតាំងដដែលទៀត ការបន្តនោះនឹងអាស្រ័យលើ ការចរចា និងការព្រមព្រៀងជាក់ស្តែងរវាងអាជីវករ និងម្ចាស់ដី។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជីវករ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅលើទីតាំងដីខាងលើ ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាព និងបញ្ហាប្រឈមរបស់អាជីវករ ដែលកំពុងប្រកបមុខរបរនៅទីតាំងនោះ។











