ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យ ពូជសាសន៍ ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ស្នងការរង លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារ និងមន្ត្រីពាក់ព័ន្ធ ។
ឯកឧត្តម ណុប ដារ៉ា បានស្នើ ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាគ្នាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌ និងមានតម្លាភាព ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតទាំងនោះ ត្រូវធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលសាកសមនឹងទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ពោលគឺជាទណ្ឌិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានការតាំងចិត្តកែប្រែខ្លួនជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ និងសង្គមទាំងមូល។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ក្នុងកិច្ចប្រជុំស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសនេះ គឺបានប្រព្រឹត្តិទៅដោយភាពត្រឹមត្រូវ មិនលំអៀង និងមិនមានភាពមិនប្រក្រតីណាមួយកើតឡើងឡើយ ពីព្រោះរាល់ការចំរេចលើកលែង និងបន្ធូរបន្ថយទោស គឺយើងបានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងមានការឯកភាពគ្នា។
លោកឧត្តមអគ្គានុរក្ស ឯម និមល ប្រធានពន្ធនាគារខេត្តកណ្តាល បានឱ្យដឹងថា ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ មានទណ្ឌិតចំនួនសរុប ២១នាក់ ស្រី ៣នាក់ ដែលអង្គភាពពន្ធនាគារវាយតម្លៃលក្ខណៈសម្បត្តិ ដើម្បីស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៦ ។
លោកបានឱ្យដឹងទៀតថា៖ សម្រាប់ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៦ មានទណ្ឌិត ក្នុងចំណោមទណ្ឌិតចំនួនសរុប ២១នាក់ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងវាយតម្លៃ ដើម្បីស្នើសុំបន្ធូរ បន្ថយទោសរយៈពេល ៣ ខែ ដល់ទណ្ឌិត សរុបចំនួន ១៧ នាក់ ស្រី ៣ នាក់ ។