រាជធានីភ្នំពេញ៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥នេះ សម្រេចបាន ៥១%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នេះបើតាមការបញ្ជាក់ឱ្យដឹង នាឱកាសដែលលោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា បានដឹកនាំក្រុមការងារ បានចុះពិនិត្យ តាមដានការអនុវត្តជាក់ស្តែង នាថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ។
បច្ចុប្បន្នសម្រេចបាន៖ ១/ ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៤៨ ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ១០០% ២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨.៩១% រួមមានតួសរសរស្ពាន១២ សម្រេចបាន១០០% សរសរស្ពាន ៥២ សម្រេចបាន៤០ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន២៣ ធ្នឹម ៣/ រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ ២៣ % ៤/ការងារផ្លូវតភ្ជាប់ សម្រេចបាន ១,៧ % និង ៥/ ការងារផ្លូវបង្វែរទិសចរាចរណ៍ សម្រេចបាន៤% ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ២០ខែហើយ ស្មើនឹង ៤៧ ,៦២% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧។
ក្រុមការងារវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភណ្ឌភាព។ អង្គភាពគ្រប់គ្រងគម្រោង បានជំរុញឱ្យក្រុមហ៊ុនត្រៀមការងារសាងសង់ផ្លូវតភ្ជាប់ និងការងារសំខាន់ៗមួយចំនួនទៀត ក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ៕











