ខេត្តកណ្តាល៖ ភូមិចំនួន៤ ក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ត្រូវបានបិទផ្សាយជាសាធារណៈឯកសារនៃកាវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនពីរភាពត្រឹមត្រូវពិតប្រាកដជៀសវាងខុសឆ្គងដោយប្រការណាមួយ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅវត្តព្រែកទន្លាប់។
ថ្លែងក្នុងពិធីនេះ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា៖ ស្រុកលើកដែក បានការបិទផ្សាយនាពេលនេះ គឺជាលើកទី១១ ដែលមានចំនួន ០៤ភូមិ គឺភូមិព្រែកតូច ភូមិកំពង់ចំលង ភូមិព្រែកបាក់ និងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក សរុបមានចំនួន ៧, ៤០១ក្បាលដី។ដោយគិតចាប់ពីថ្ងៃទី២៤ខែតុលា រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមិនគិតថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកឡើយ។ ក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវបានជាមួយមន្ត្រីសុរិយោដីដែលនៅប្រចាំការនៅទីនេះរយៈពេល១៥ថ្ងៃ។
បន្ថែមពីនេះលោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីខេត្តកណ្តាល បានលើកឡើងផងដែរថា៖ បើទោះបីក្រុមការងារវាស់ចុះបញ្ជី សម្រង់ទិន្នន័យយ៉ាងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅតែមានចន្លោះប្រហោង ត្រង់ថាពេលវាយបញ្ចូលទិន្នន័យលេខក្បាលដី ឬឈ្មោះ ចូលក្នុងកុំព្យូទ័រ ក៏នៅតែមានកំហុសឆ្គងមួយ ឬពីរដែរ ទើបតម្រូវឲ្យគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវស័យរដ្ឋបាលដីធ្លីខេត្ត ក៏ដូចជាគណៈកម្មាធិការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីស្រុក ធ្វើការបិទផ្សាយទិនិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិឆ្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីប្រជាពលរដ្ឋមកត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ដែលមានរយៈពេល១៥ថ្ងៃ ក្នុងករណីឃើញថា ត្រឹមត្រូវហើយសាម៉ីខ្លួនត្រូវផ្ដិតមេដៃទទួលស្គាល់ តែបើឃើញមិនត្រឹមត្រូវ សាម៉ីខ្លួនអាចដាក់ពាក្យជាមួយមន្ត្រីជំនាញ ដើម្បីស្នើសុំធ្វើការកែតម្រូវឡើងវិញ។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានអំពាវនាវដល់ប្រជាពលរដ្ឋពេលត្រឡប់ទៅវិញ សូមជួយផ្សព្វផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋមកពិនិត្យ ធ្វើការផ្ទៀងផ្ទាត់គ្រប់ៗគ្នានូវឈ្មោះ និងប្រភេទទ្រព្យជាដើម។
លោកអភិបាលស្រុកបានបញ្ជាក់ថា៖ ការបិទផ្សាយនូវទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកលើកដែក នាពេលនេះគឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយដែលប្រុងនឹងកើតឡើង។ ការចុះបញ្ជីដីធ្លី មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី និងបានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ហើយទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ៕












