មានហេតុការករណី រថយន្តទួរីស ១គ្រឿង មានមនុស្សជិះ ០៥នាក់ធ្វើដំណើរចេញពីមូលដ្ឋានឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ រអិលធ្លាក់ពីលើច្រាំងចូលទឹកទន្លេមេគង្គ បណ្ដាលឱ្យមានមនុស្សស្លាប់ ០៣នាក់ ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១០៖១៤នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ត្រង់ចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោកវរៈសេនីយ៍ឯកប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា រថយន្ត១គ្រឿងនេះ ជិះជាលក្ខណៈគ្រួសារ មានគ្នាចំនួន០៥នាក់ ក្នុងគោលបំណងយកឪពុកដែលមានជំងឺ ទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ តែពុំទាន់ដល់ផងក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបត់ចង្កូតមិនទាន់ធ្លាក់ចូលទន្លេធ្វើឲ្យមនុស្សទាំង៥នាក់នោះត្រូវបានឈ្លក់ទឹក ដោយអ្នកខ្លះស្រវេស្រវាប្រឹងហែលឡើងគោកទាន់ពេល និងខ្លះទៀតត្រូវបានពលរដ្ឋនាំគ្នាជួយសង្គ្រោះ ។
អធិការនគរបាលស្រុកស្រីសន្ធរបានបន្តថា ក្រោយពីមានហេតុការណ៍នេះកើតឡើង ភ្លាមៗនោះរូបលោក
ក៏បានចេញដំណើរមកកាន់កន្លែងកើតហេតុរួមជាមួយលោកបិន ឡាដា អភិបាលស្រុកស្រីសន្ធរ ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះមនុស្សដែលជាប់ក្នុងរថយន្តដែលកំពុងលេចចូលក្នុងទឹកទន្លេ ។
សូមបញ្ជាក់ថា មនុស្ស០៥នាក់ដែលនៅលើរថយន្តនោះក្នុងនោះរួមមាន៖
១.ឈ្មោះ ទ្បេង ពៅ អាយុ៥២ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នកបើកបរ (បានរួចផុតពីគ្រោះថ្នាក់)
២-ឈ្មោះ យ៉េវ ម៉ាប់ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូង(ត្រូវជាឪពុក បានស្លាប់ពេលយកបានមកលើគោក)
៣-ឈ្មោះ ម៉ាប់ សុខមី ភេទស្រី អាយុ៤៥ឆ្នាំរស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(បានស្លាប់ពេលយកបានមកលើគោក)
៤-ឈ្មោះ ម៉ាប់ គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(បានស្លាប់ពេលយកបានមកលើគោក)
៥-ឈ្មោះ ម៉ាប់ រស្មី ភេទប្រុស អាយុ៣១ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(រួចផុតពីគ្រោះថ្នាក់) ៕






