រហូតមកដល់វេលាម៉ោង០៨ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នគរបាលស្នងការខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងធ្វើការប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីឃាតកម្ម(សម្លាប់ឪពុកបង្កើត) បានហើយ ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារដោយសារញៀនថ្នាំញៀន) រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពដដែលបានបន្តទៀតថា កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩ព្រឹក ជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ ភ្លាមនោះជនសង្ស័យបានស្រែកជេរគេជេរឯងពេញផ្ទះ ស្រាប់តែជនរងគ្រោះទៅប្រាប់ថា កូនកុំស្រែកឡូឡាជេរចឹង ព្រោះពុកកំពុងឈឺផង តែជនសង្ស័យស្រែកជេរឪពុកទៀត ឪពុកខឹងបានទះកំផ្លៀងជនសង្ស័យមួយដៃ ហើយជនសង្ស័យក៏ទះឪពុកវិញ បណ្តាលឱ្យដួល។ រួចជនសង្ស័យទាញយកចបកាប់វាយទៅលើឪពុក បណ្តាល(ចំថ្ងាសចំនួន០១ផ្លែចប មុតរបួសខ្ទង់ច្រមុះរយះប្រវែល០៨សង់ទីម៉ែត្រ) បណ្តាលឱ្យស្លាប់ភ្លាម ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ប្រភពបញ្ជាក់ទៀតថា ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេល២យប់/២ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៨ព្រឹក ត្រូវនគរបាលក៏ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្នុងព្រៃខាងកើតអូរប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន ៕


