ខេត្តបាត់ដំបង÷កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វេីការបង្រ្កាបឃាត់ខ្លួន យុវជនមួយក្រុមមានគ្នាចំនួន ០៥នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួសដៃ ។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះធ្វេីការបង្រ្កាបឃាត់ខ្លួន យុវជនមួយក្រុមមានគ្នាចំនួន ០៥នាក់ ។
លោកអធិការបានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមយុវជនទាំង០៥នាក់នេះ ធ្វើឡើងបន្ទាប់ពីពួកគេបានធ្វេីសកម្មភាពដោយប្រេីប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះជាយុវជនម្នាក់ បណ្តាលឱ្យរងរបួសដៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៣៣ ស្ថិតក្នុងភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ហើយក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា មូលហេតុដែលនាំទៅដល់ការបង្កហិង្សា បណ្តាលឱ្យរងរបួសបែបនេះ គឺដោយសារពេលកន្លងមកពួកគេធ្លាប់មានទំនាស់ ដោយពាក្យសំដីជាមួយជនរងគ្រោះទើបពេលនេះ ពួកគេធ្វើសកម្មភាពបែបនេះឡើង ។
បច្ចុប្បន្នក្រុមយុវជនទាំង០៥នាក់រួមជាមួយវត្ថុតាង, កាំបិតកញ្ចែតផ្លែដែកដងឈេី០១ដេីម និងកាំបិតកែច្នៃ០៣ដេីម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕


