ខេត្តតាកែវ÷ឈាមស្រៃស្បែកហាវ ជនសង្ស័យដែលជាឃាតករកាប់សម្លាប់ បងស្រី និងក្មួយ ពេលនេះត្រូវបានកម្លាំងកងរាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនបានហើយ ។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយឯកឧត្ដម ឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ។
នៅវេលាម៉ោង០៣:៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦(ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០:០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
វត្ថុតាងចាប់យក៖ ម៉ូតូ ១គ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ ១Q .៦៥៤៨, ទូរសព្ទដៃចំនួន ០៣គ្រឿង និងប្រាក់ចំនួន ៥.៤០០រៀល ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕






