ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះដែលត្រូវជាបងថ្លៃរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខណៈវីដេអូនៃហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨:០០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ជនរងគ្រោះមានឈ្មោះ ស៊ឹម ថុល ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុប និងត្រូវជាបងថ្លៃរបស់ជនសង្ស័យ។ ចំណែកជនសង្ស័យឈ្មោះ សយ ចាន់សិទ្ធ ហៅ អ៉ីង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមការស្រាវជ្រាវ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា, ធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ លទ្ធផលធ្វើតេស្តទឹកនោមបានបង្ហាញថា ជនសង្ស័យមានសារធាតុញៀនវិជ្ជមាន (+)។
សមត្ថកិច្ចក៏បានឱ្យដឹងថា ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ៧លើករួចមកហើយ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ដុំថ្មចំនួន ៥ដុំ ខ្ទះឆា ១ និងបំណែកចានមួយចំនួន ខណៈសម្ភារៈរងការខូចខាតមានចានបែក និងខ្ទះឆាមួយ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕






