នៅវេលាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មានបាតុភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារ កើតទុក្ខមិនសុខចិត្តមកលើអាជ្ញាធរសង្កាត់ ពិសេសមកលើលោកចៅសង្កាត់ ថាមិនបានយកចិត្តទុកដាក់ និងបានគេចវេសពីការមិនបម្រើពលរដ្ឋ រហូតកើតមានបាតុភាពធ្វើសកម្មភាពឈររាំង និងលោតចូលទៅពីមុខរថយន្តលោកចៅសង្កាត់ និងប្រើពាក្យពេជន៍មិនសមរម្យចោទប្រកាន់មកលើអាជ្ញាធរទាំងមិនមានមូលដ្ឋាន ដែលបានធ្វើឲ្យមហាជននៅលើបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រលំ មកលើការខិតខំបំពេញភារកិច្ចរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ។
រដ្ឋបាលបាលសង្កាត់ សូមជម្រាបជូនថា ៖ ដំណើររឿងហេតុ គឺកើតឡើងដោយទំនាស់បុគ្គល និងបុគ្គល ទាក់ទងនឹងការជំពាក់ប្រាក់គ្នា ចំនួន ៦០០០ដុល្លារ រហូតមានការធ្វើលិខិតឯកសារប្រគល់កម្មសិទ្ធិអចលនទ្រព្យពីបុគ្គលអ្នកជំពាក់ ទៅឲ្យម្ចាស់បំណុល ដែលមានអាយុកាលអស់១២ឆ្នាំកន្លងមកហើយ ។ រហូតមកដល់បច្ចុប្បន្ន គ្រាម្ចាស់បំណុល ឈ្មោះ ( ទិត សារី ) ដែលមានលិខិតកាន់កាប់អចលនទ្រព្យ បានអញ្ជើញមកសាលាសង្កាត់ ដើម្បីស្នើសុំចុះបញ្ជីអគារសហកម្មសិទ្ធិ ក៏លេចចេញបុគ្គលជាកូនបំណុល០២នាក់ប្តីប្រពន្ធ មានឈ្មោះ ( មាស ពុទ្ធា ជាប្តី និងផេង រតនា ជាប្រពន្ធ ) ឡើងមកសាលាសង្កាត់រារាំងជាមួយអាជ្ញាធរសង្កាត់ តវ៉ាមិនឲ្យភាគីម្ចាស់បំណុលស្នើសុំចុះបញ្ជី ដោយខ្លួនសំអាងហេតុថា ការជំពាក់បំណុលចំនួន៦០០០ដុល្លារនេះ ពុំមានការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យទៅឲ្យភាគីម្ចាស់បុំណុលនោះឡើយ គឺមានត្រឹមកិច្ចសន្យាមួយដោយបានតម្កល់អចលនទ្រព្យ (ផ្ទះរបស់ខ្លួន) ជាការបញ្ចាំបណ្តោះអាសន្នប៉ុណ្ណោះ ។
គិតត្រឹមបច្ចុប្បន្ននេះ រដ្ឋបាលសង្កាត់ បានសម្របសម្រួល អញ្ជើញគូរភាគីទាំង០២ ឲ្យមកជួបគ្នា នៅសាលាសង្កាត់ ដើម្បីជជែកវែកញ៉ែកដេញដោលពីបញ្ហាដែលកើតមានកន្លងមក នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ។
រដ្ឋបាលសង្កាត់ សូមធ្វើការទទួលយកគ្រប់មតិរិះគន់ដើម្បីស្ថាបនា នានាក្នុងន័យកែតម្រង់ និងតម្រូវភាពត្រឹមត្រូវល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែ រដ្ឋបាលសង្កាត់ ក៏សុំបដិសេធដាច់ខាត លើមតិលើកឡើងដោយបានចោទប្រកាន់របស់បុគ្គលឈ្មោះ ( មាស ពុទ្ធា ជាប្តី និងផេង រតនា ជាប្រពន្ធ ) មកលើអាជ្ញាធរសង្កាត់ ទាំងខុសការពិត ដែលធ្វើឲ្យទទួលរងឥទ្ធិពលមិនល្អ មកកាន់មន្ត្រីអ្នកអនុវត្ត ដែលបានខិតខំបំពេញកិច្ចការងារបម្រើជាតិ និងប្រជាជន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕





