គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាល ជំរុញការដោះស្រាយសំណើរបស់ប្រជាពលរដ្ឋដែលនៅសេសសល់ពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ឆ្នាំ២០២៤-២០២៥


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងជំរុញការដោះស្រាយសំណើ បញ្ហា និងសំណូមពរត្រូវការរបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់ពីវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤-២០២៥ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។


ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ដោយត្រូវពិនិត្យ និងដោះស្រាយស្របទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវទុកឱ្យបញ្ហាអូសបន្លាយដោយគ្មានដំណោះស្រាយឡើយ។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ មិនគួរបញ្ចប់ត្រឹមការទទួលសំណើ ឬការសន្យាដោះស្រាយនោះទេ ប៉ុន្តែត្រូវឈានទៅរកលទ្ធផលជាក់ស្តែង។ ដូច្នេះ មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដាន វាយតម្លៃ និងរាយការណ៍អំពីវឌ្ឍនភាពនៃការដោះស្រាយ ដើម្បីធានាថា សំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈ ត្រូវបានឆ្លើយតបដោយប្រសិទ្ធភាព។


ឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យអាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ បែងចែកបញ្ហាតូច និងបញ្ហាធំ ហើយដោះស្រាយទៅតាមដែនសមត្ថកិច្ច ចំពោះបញ្ហាណាដែលលើសពីសមត្ថកិច្ចរបស់ខេត្ត ត្រូវរៀបចំសំណើ និងស្នើសុំការគាំទ្រពីថ្នាក់ជាតិ ដើម្បីឱ្យបញ្ហារបស់ប្រជាពលរដ្ឋមានដំណោះស្រាយជាក់លាក់ មិនត្រូវទុកឱ្យនៅជាបញ្ហាសេសសល់ជាបន្តទៀត។


សម្រាប់គម្រោងអភិវឌ្ឍន៍នីមួយៗ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធថា ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងតម្រូវការ ផលប្រយោជន៍ ប្រសិទ្ធភាព និងផលប៉ះពាល់ ដើម្បីធានាថា ការវិនិយោគ និងការអភិវឌ្ឍ ពិតជាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ ជាពិសេសចំពោះ ការអភិវឌ្ឍផ្លូវថ្នល់ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំអាទិភាពឱ្យបានច្បាស់លាស់ ដោយផ្តោតលើផ្លូវដែលតភ្ជាប់ទៅកាន់ សាលារៀន មន្ទីរពេទ្យ សាលាឃុំ វត្តអារាម ទីផ្សារ និងទីតាំងសាធារណៈសំខាន់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងការប្រើប្រាស់សេវាសាធារណៈរបស់ប្រជាពលរដ្ឋ។


ពាក់ព័ន្ធនឹងវិស័យអប់រំ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសិក្សាពីការកើនឡើងនៃចំនួនសិស្ស និងតម្រូវការជាក់ស្តែង ដើម្បីរៀបចំផែនការសាងសង់ ឬពង្រីកសាលាមត្តេយ្យ សាលាបឋមសិក្សា និងសាលាដែលមានតម្រូវការខ្ពស់ ឱ្យស្របតាមការរីកចម្រើនក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានត្រូវគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានលក្ខណៈសមស្របជាប្រព័ន្ធ រួមមាន លូ ប្រឡាយរំដោះទឹក បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងសេវាសាធារណៈចាំបាច់ផ្សេងៗ ដើម្បីកាត់បន្ថយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។


ក្នុងកិច្ចប្រជុំនេះ បញ្ហាសំរាម និងសណ្តាប់ធ្នាប់បរិស្ថាន ក៏ត្រូវបានលើកឡើងជាចំណុចអាទិភាពផងដែរ ដោយឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសំរាម បំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់ចាំបាច់ និងអនុវត្តវិធានការផាកពិន័យចំពោះអ្នកដែលមិនគោរពបទប្បញ្ញត្តិ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ។ ដោយឡែកបញ្ហាទំនាស់ដីធ្លី ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសបន្ទាប់ពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីបានបញ្ចប់ ត្រូវខិតខំដោះស្រាយទំនាស់ដែលនៅសេសសល់ឱ្យបានច្រើនបំផុត ក្នុងនោះ ការសម្របសម្រួល និងដោះស្រាយក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកថា ជាវិធីសាស្ត្រសំខាន់មួយ ដែលអាចជួយកាត់បន្ថយការចំណាយ ពេលវេលា និងភាពតានតឹងរបស់ភាគីពាក់ព័ន្ធ។








Previous Post Next Post
Breaking News