ខេត្តកណ្តាល៖ សិក្ខាសាលាផ្សព្វផ្សាយ "សៀវភៅផែនការជាតិប្រឆាំងភេវកម្ម" ក្នុងគោលបំណងនៃការផ្សព្វផ្សាយបញ្ច្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេវកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងែទី១៣ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមពីរ លោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោក-លោកស្រីមេឃុំ និងមន្ត្រីជាច្រើនរូបផងដែរ។
ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលានេះ ផ្តោតលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន ១.ការទទួលខុសត្រូវ និងតួនាទី ២.ការត្រៀមជាមុន និងការការពារ ៣.ការឆ្លើយតម ៤.ការស្តារឡើងវិញ និងនីតិវិធីពាក់ព័ន្ធនឹងបទល្មើស ព្រមទាំងកិច្ចពិភាក្សាសួរដេញដោលជុំវិញប្រធានបទពាក់ព័ន្ធនឹងការងារប្រឆាំងភេវកម្ម។
ក្នុងសិក្ខាសាលានេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ឲ្យដឹងថា៖ កិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ទោះបីជាប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញយ៉ាងណាក៏ដោយ ក៏ការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើភេរវកម្ម នៅតែជាភារកិច្ចយុទ្ធសាស្ត្រដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ជានិច្ច ការចុះផ្សព្វផ្សាយ “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម” ពិតជាមានសារសំខាន់ណាស់ ដើម្បី៖ពង្រឹង និងលើកកម្ពស់ ការយល់ដឹងជាយុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារប្រឆាំងភេរវកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងយន្តការ សម្របសម្រួលការងារ រវាងស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការឆ្លើយតប និងទប់ស្កាត់រាល់សញ្ញាណ ឬ ហានិភ័យផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេវកម្ម គឺដើម្បីសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្មរួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ផែនការឆ្លើយតបរបស់អន្តរក្រសួង/ស្ថាប័ន។









