ភ្នំពេញ៖ ករណីបុគ្គលម្នាក់ឈ្មោះ Sreng Vonn បានប្រើប្រាស់ពាក្យសម្តីប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើអ្នកសារព័ត៌មាន ដោយលើកឡើងថា៖ «ត្រឹមអ្នកកាសែតគ្មានអីអស្ចារ្យទេ សូន្យ!» កំពុងតែបង្កើតឱ្យមានរលកប្រតិកម្ម និងការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់អ្នកសារព័ត៌មានដែលកំពុងបំពេញបេសកកម្មបម្រើសង្គមជាតិដោយស្មោះត្រង់ និងតាមក្រមសីលធម៌វិជ្ជាជីវៈ។
អ្នកសារព័ត៌មានបានសម្តែងនូវការថ្កោលទោសយ៉ាងដាច់អហង្ការ និងបានចាត់ទុកថា ការបំពានពាក្យសម្តីបែបនេះ មិនត្រឹមតែជាការមើលងាយ និងបន្ថោកបន្ទាបតម្លៃរបស់អ្នកសារព័ត៌មានទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ លើកកម្ពស់តម្លៃ ក៏ដូចជាសេរីភាពខាងសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តើអ្នកសារព័ត៌មាន «សូន្យ» មែនឬ?
នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកសារព័ត៌មានត្រូវបានគេទទួលស្គាល់ថាជា «អំណាចទី៤» ដែលបំពេញតួនាទីយ៉ាងសំខាន់ រួមមាន៖
ស្ពានចងភ្ជាប់៖ ដើរតួជាអ្នកផ្សារភ្ជាប់ព័ត៌មាន និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
អ្នកការពារយុត្តិធម៌៖ បំពេញតួនាទីជាអ្នករាយការណ៍ការពិត ការពារយុត្តិធម៌សង្គម និងជួយដោះស្រាយទុក្ខធុរៈជូនប្រជាពលរដ្ឋ។
ការលះបង់ខ្ពស់៖ ចុះយកព័ត៌មានគ្រប់កាលៈទេសៈ ទាំងការកើនឡើងកម្ដៅ ឬគ្រោះថ្នាក់ ដោយមិនខ្លាចនឿយហត់ ដើម្បីបានព័ត៌មានពិតជូនសង្គម។
ប្រភពពីអ្នកសារព័ត៌មានបានសង្កត់ធ្ងន់ថា ពួកគាត់រស់ដោយកិត្តិយស និងកម្លាំងញើសឈាមប្រកបដោយវិជ្ជាជីវៈខ្លួនឯង ទោះបីជាមិនមានប្រាក់ខែដូចបុគ្គលឈ្មោះ Sreng Vonn នោះក៏ដោយ។ ហេតុនេះ ការសម្តែងមតិដែលឆ្លុះបញ្ចាំងពីអាកប្បកិរិយាឆ្មើងឆ្មៃ មើលងាយ និងប្រមាថអ្នកដទៃបែបនេះ គឺជាទង្វើខ្វះសីលធម៌ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ។
សំណូមពរ និងការអំពាវនាវ
ជុំវិញករណីនេះ មានការអំពាវនាវ និងសំណូមពរដាច់ខាតចំនួន ២ ចំណុច៖
ចំពោះបងប្អូនអ្នកសារព័ត៌មាន៖ សូមរួមគ្នារក្សាតម្លៃ វិជ្ជាជីវៈ និងកិត្តិយសរបស់អ្នកកាសែត ហើយរួមគ្នាចាត់វិធានការ ឬថ្កោលទោសចំពោះបុគ្គលដែលប្រមាថមើលងាយវិជ្ជាជីវៈដ៏ថ្លៃថ្នូរមួយនេះ។
ចំពោះអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ៖ ស្នើសុំការពិនិត្យពីអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមើលរាល់សកម្មភាព និងពាក្យសម្តីរបស់បុគ្គលរូបនេះ ដើម្បីការពារកិត្តិយស និងតម្លៃរបស់អ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកម្ពុជា។
អ្នកសារព័ត៌មានបានទុកជាសំណួរចំហទៅកាន់សាធារណជនថា៖ «លោកអស្ចារ្យ លោកអស្ចារ្យតែម្នាក់ឯងទៅ ប៉ុន្តែកុំប្រើពាក្យមើលងាយអ្នកកាសែតដែលជាអ្នកបម្រើសង្គម! តើបងប្អូនអ្នកសារព័ត៌មាន និងសាធារណជនទូទៅ យល់យ៉ាងណាដែរ ចំពោះបុគ្គលដែលមានអាកប្បកិរិយាបែបនេះ?»៕




