ខេត្តកណ្តាល៖ បន្ទាប់ពីទទួលដំណឹងដ៏សែនក្រៀមក្រំអំពីការបាត់បង់អាយុជីវិតរបស់កុមារី វ៉ឹក នីតា ភេទស្រី អាយុ ៤ឆ្នាំ ដែលបានទទួលមរណភាពយ៉ាងអាណោចអាធ័ម ដោយសារឧបទ្ទវហេតុលង់ទឹកស្លាប់ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា និងអនុសាខាស្រុកកៀនស្វាយ បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសប្រកបដោយក្តីក្តុកក្តួលនេះលោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាម ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើនូវការនឹករលឹក និងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ ក្នុងវ័យកុមារភាពទាំងក្តីអាឡោះអាល័យក្រៃលែង។
ជាមួយគ្នានេះផងដែរ លោកជំទាវប្រធានប្រតិភូ បានមានប្រសាសន៍ផ្តាំផ្ញើក្រើនរំលឹកដល់អាណាព្យាបាល ដែលជាគ្រួសារសព និងប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងការថែរក្សាកុមារ និងកូនចៅតូចៗ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យពួកគេលេងទឹក ឬនៅជិតប្រភពទឹកដោយគ្មានការតាមដាននោះឡើយ។ គឺក្នុងគោលបំណងដើម្បីចៀសវាងបាននូវគ្រោះថ្នាក់ ឬឧបទ្ទវហេតុលង់ទឹកស្លាប់ដ៏សែនរន្ធត់បែបនេះនៅក្នុងមូលដ្ឋានរបស់យើងជាថ្មីម្ដងទៀត។
ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមានៈ អង្ករ ៥០ គីឡូក្រាម ,មី ២កេស,ទឹកសុទ្ធ ៥កេស ,ត្រីខកំប៉ុង ២យួរ ,ទឹកស៊ីអុីវ ២យួរ ,ទឹកត្រី២យួរ និងថវិកាចំនួន ៥០០០០០ម៉ឺនរៀល។
ជាមួយនឹងគ្នានេះដែរអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ បានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមានៈ អង្ករ ៥០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងថវិកា ២០០ ០០០ម៉ឺនរៀល និងក្រុមការងារកាកបាទក្រហមឃុំបន្ទាយដែក អង្ករ ៥០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងថវិកា ១០០ ០០០ម៉ឺនរៀល។











