អាជ្ញាធរមីនកម្ពុជាបានចេញសេចក្តីណែនាំមួយដើម្បី រម្លឹកឲ្យប្រជាពលរដ្ឋដឹងថា ក្នុងពេល និងក្រោយពេលទឹកជំនន់ យុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួនត្រូវបានប្រទះឃើញ ដោយសារ ទឹកហូរខ្លាំងអាចហូរច្រោះដី បំផ្លាញស្រទាប់ដី និងនាំយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យផុសឡើង ឬរសាត់ពីតំបន់មានគ្រោះថ្នាក់មកកាន់ទីកន្លែងថ្មីដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ។
ការណែនាំរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីននេះ បានធ្វើឡើងខណៈតំបន់ខ្លះនៃភូមិសាស្ត្រប្រទេស កម្ពុជាកំពុងទទួលរងទឹកជំនន់។
សេចក្តីណែនាំរបស់អាជ្ញាធរមីនកម្ពុជានេះក៏បានហាមបងប្អូនប្រជាពលរដ្ឋនៅពេលប្រទះឃើញវត្ថុសង្ស័យជាគ្រាប់មីនប្រឆាំងមនុស្ស មីនប្រឆាំង យានយន្ត គ្រាប់បែកចង្កោម និង គ្រាប់មិនទាន់ផ្ទុះ មិនត្រូវរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ រហូតដល់ស្លាប់ គ្រប់ពេល។ ទន្ទឹមនេះអាជ្ញាធរមីនកម្ពុជាបាន ណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករ បោសសម្អាតមីនដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។
ជាមួយគ្នានេះទៀតអាជ្ញាធរមីនកម្ពុជាបានណែនាំដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត គ្រប់ប្រតិបត្តិករអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ធ្វើការ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលអាច មកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដីរសាត់មកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងយានយន្ត គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនប្រភេទ ព្រមទាំង ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលអាចហូរ តាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬ ឆ្លងកាត់។
យោងតាមអាជ្ញាធរមីនកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៦ មាន មនុស្ស១២ នាក់ រងគ្រោះដោយសារមីន និង ១៦ នាក់ផ្សេងទៀត រងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយគិតចាប់ពីឆ្នាំ១៩៧៩ ដល់ មិថុនា ២០២៦ នេះ គឺគ្រោះថ្នាក់ពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កឱ្យមនុស្ស ១៩,៨៥២ នាក់ បាត់បង់ជីវិត និងរបួសឬពិការចំនួន ៤៥,៣០១៕
អត្តបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)




