លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២៦ បាន ជួបសំណេះសំណាល និងប្រគល់អំណោយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់ជូនក្រសួងព័ត៌មាន រួមមាន កុំព្យូរទ័រលើតុ១គ្រឿង និងកុំព្យូរទ័រយួរដៃ១គ្រឿង ដើម្បីចែកជូនដល់ការិយាល័យវិទ្យុ ក្នុងគោលបំណងបំរើការងារគេហទំព័រ ជាលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងព័ត៌មាន ចំពោះមន្ត្រីដែលកំពុងបំពេញភារកិច្ច នៅមូលដ្ឋាន។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរព័ត៌មាន បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រី ការរិយាល័យវិទ្យុទាំងអស់ ឱ្យបន្តខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ គោរពវិន័យការងារ សាមគ្គីភាព និងសហការគ្នាឱ្យបានល្អ ព្រមទាំងយកចិត្តទុកដាក់លើការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រយោជន៍សម្រាប់សាធារណជន។
លោកប្រធានមន្ទីរ ក៏បានណែនាំឱ្យមន្ត្រីជំនាញ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ សម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត AI ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ របស់ខ្លួន ដើម្បីរួមចំណែក ក្នុងការផ្សព្វផ្សាយសមិទ្ធផល និងសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តកណ្តាល។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា៖ ការប្រគល់អំណោយនេះ ក៏ជាសកម្មភាពមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្ត របស់ក្រសួង ដល់មន្ទីរព័ត៌មានខេត្ត ឱ្យបន្តបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ស្មារតីសាមគ្គីភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា៖ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គេហទំពរ័របស់មន្ទីរព័ត៌មាន រាជធានី ខេត្តទាំង២៥ រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់កុំព្យូទរ័លើតុ និងកុំព្យូទរ័យួរដៃ ចំនួន៥០គ្រឿង ដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់មន្ទីរព័ត៌មាន រាជធានី ខេត្ត នៅទូទាំងប្រទេស សំរាប់បំរើការងារគេហទំព័រ ៕











