ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យសិតត្បូង ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់តាមសាលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស។
តាមសាលិខិត របស់សម្តេចមហាបវរធិបតី ឯកឧត្តម ប៊ុន ផេង បានបញ្ជាក់បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។
ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមទៀតថា ក្នុងសារលិខិតនេះ រាជរដ្ឋាភិបាលនឹងបន្ត អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន : ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤) ការជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រតាំងពីថ្ងៃចូលរៀនដំបូងរហូតដល់ចុងឆ្នាំ ឱ្យបានពូកែ ប្រកបដោយគុណភាព សូមកុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវបន្តការសិក្សានៅកម្រិតឧត្តម ចាប់យកជំនាញរបស់ខ្លួនឲ្យបានច្បាស់លាស់ចេះពិតប្រាកដ ដើម្បីអាចប្រកួតប្រជែងបានក្នុងទីផ្សារការងារបច្ចុប្បន្ន និងយកចំណេះជំនាញរបស់ខ្លួនដើម្បីជួយគ្រួសារ និងសង្គមជាតិឱ្យមានកាន់តែរីកចម្រើនបន្តទៀត។
សូមជំរាបផងដែលថា តាមរបាយការណ៍ របស់លោក ចាន់ សុវណ្ណតារា អភិបាលរងក្រុងតាខ្មៅ វិស័យអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ក្រុងតាខ្មៅ មានមត្តេយ្យសិក្សា សរុបចំនួន ១៤កន្លែង មានសិស្សសរុប ១,៤៣៣នាក់ ស្រី ៦៨៦នាក់។ គ្រឹះស្ថានបឋមសិក្សាសាធារណៈ សរុបចំនួន ២៦គ្រឹះស្ថាន មានសិស្សសរុប ១៧,៩១៦នាក់ ស្រី ៨,៦៥៩នាក់ ។ អនុវិទ្យាល័យសាធារណៈ សរុបចំនួន០៦គ្រឹះស្ថាន មានសិស្សសរុប ១,៥១០នាក់ ស្រី ៧៧៧នាក់។ វិទ្យាល័យចំណេះទូទៅសាធារណៈសរុបមាន ០៤គ្រឹះស្ថាន មានសិស្សសរុប ៩,៣៤៦ នាក់ ស្រី ៤,៨៣៦នាក់។ វិទ្យាល័យអប់រំពិសេស មាន០១សាលា មានសិស្សសរុប ៣០០នាក់ ស្រី ៦៧នាក់។











