(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា ជាង៧ខែ បានកន្លងផុតទៅ ចាប់តាំងពីកម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (Extraordinary GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សេចក្តីប្រកាសរួមនេះ មិនត្រឹមតែប្រកាសបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាឱ្យជនស៊ីវិលនៅតំបន់រងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ។
ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែបន្តរស់នៅក្នុងជំរំជនភៀសសឹក និងជម្រកបណ្តោះអាសន្ន ដោយមិនអាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនបាន។ នេះបង្ហាញថា ការប្តេជ្ញាក្រោមសេចក្តីប្រកាសរួម មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។
មូលហេតុគឺពិភពលោកបានឃើញច្បាស់បំផុត។ បន្ទាប់ពីការធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា កងទ័ពថៃ នៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវផ្នែកខ្លះនៃទឹកដីកម្ពុជា ដោយផ្អែកលើផែនទីឯកតោភាគីមាត្រា ១:៥០,០០០ ដែលមិនអាចជំនួសព្រំដែនអន្តរជាតិ ដែលបានកំណត់តាមអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីមាត្រា ១:២០០,០០០ បានឡើយ។
នៅលើដីជាក់ស្តែង កងទ័ពថៃ បានរាយលួសបន្លា ដាក់ទូកុងតឺន័របិទផ្លូវ និងរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅកាន់ភូមិ និងផ្ទះសម្បែងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេបានកម្ទេចផ្ទះប្រជាពលរដ្ឋ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កើតស្ថានភាពថ្មី (fait accompli) នៅលើទឹកដីកម្ពុជា។
សកម្មភាពទាំងនេះផ្ទុយដោយផ្ទាល់នឹងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលតម្រូវឱ្យភាគីទាំងពីរធានាការវិលត្រឡប់របស់ជនស៊ីវិល «ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»។
សេចក្តីប្រកាសរួមក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ការព្រមព្រៀងទាំងអស់មិនត្រូវប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ ហើយបានប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្តការវាស់វែង និងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ នេះមានន័យថា បញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ និងយន្តការរួម មិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីនៅលើដីនោះទេ។
ដូច្នេះ ថៃត្រូវអនុវត្តដោយស្មោះត្រង់នូវសេចក្តីប្រកាសរួមដែលខ្លួនបានចុះហត្ថលេខា ដកការកាន់កាប់ដោយខុសច្បាប់ចេញពីទឹកដីកម្ពុជា បញ្ឈប់ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល និងសហការជាមួយគណៈកម្មការចម្រុះព្រំដែន ដើម្បីស្តារស្ថានភាពស្របច្បាប់ និងធានាឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
សន្តិភាពពិតប្រាកដ មិនត្រូវវាស់ដោយការបញ្ឈប់ការបាញ់ប៉ុណ្ណោះទេ។ សន្តិភាពត្រូវវាស់ដោយថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងមានសេចក្តីថ្លៃថ្នូរ។ ដរាបណាវាមិនទាន់កើតឡើង សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏នៅតែមិនទាន់ត្រូវបានអនុវត្តពេញលេញដែរ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស និងឯកអគ្គរដ្ឋទូតចិន បានលើកឡើងថាពលរដ្ឋខ្មែរទាំងនេះត្រូវតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ស្របតាមច្បាប់អន្តរជាតិ៕











